ដោយដឹងថាសុខុមាលភាព ការមានទឹកចិត្តមោះមុត និងការចូលរួមរបស់ក្រុមការងារ គឺជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ៗនៃការបង្កើតគុណវុឌ្ឍិ ក្រុមហ៊ុន Kulara Water អនុវត្តមុខងារទំនួលខុសត្រូវសង្គមរបស់ខ្លួនតាមរយៈការប្តេជ្ញាជាក់ស្តែងជាច្រើន ជាអាទិ៍ សំដៅទៅធានាឲ្យមានកម្រិតត្រឹមត្រូវនៃការផ្តល់ប្រាក់ខែ ការបណ្តុះបណ្តាល ការទទួលស្គាល់ និងការតំឡើងឋានៈសមាជិកក្រុមការងារ។ លោក Jacques Marcille អគ្គនាយករបស់ក្រុមហ៊ុន Kulara Water បានពន្យល់ដូច្នេះថា៖ ក្រៅពីការប្រឡូកជុំវិញគោលដៅរួមរបស់យើងទាំងអស់គ្នាក្នុងការផ្តល់នូវអ្វីដែលប្រសើរបំផុត ក្រុមការងាររបស់យើងសុទ្ធតែមានមោទនភាពម៉្យាង នោះគឺមោទនភាពនៃការអមដំណើរការអភិវឌ្ឍម៉ាកទឹកមួយដ៏ល្អឯកដែលត្រូវបានផលិតឡើងនៅកម្ពុជា ដែលផ្តល់ប្រយោជន៍ដល់សុខភាព និងមានសមត្ថភាពប្រកួតប្រជែងជាមួយបណ្តាម៉ាកទឹកធំៗក្នុងស្រុក និងអន្តរជាតិ។
ក្រុមហ៊ុន Kulara Water បានប្តេជ្ញាដើរទៅតាមអភិក្រមមួយនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធទាំងអស់។ ចំណងទំនាក់ទំនងប្រកបដោយទំនុកចិត្តសំខាន់ៗ ត្រូវបានបង្កើតឡើងជាមួយស្ថាប័នឯកជនផ្សេងៗជាច្រើន ជាមួយរដ្ឋ ជាមួយបុគ្គលិក ក្រុមហ៊ុនផ្គត់ផ្គង់ ម្ចាស់ភាគហ៊ុន និងអ្នកប្រើប្រាស់។ ក្រុមហ៊ុន Kulara Water ក៏គាំទ្រជាហូរហែផងដែរដល់បុព្វហេតុជាច្រើន ព្រមទាំងព្រឹត្តិការណ៍នានាជុំវិញ តម្លៃ ឧត្តមភាពរបស់ខ្លួន ការចែករំលែក និងសាមគ្គីភាព។ នៅក្នុងក្របខណ្ឌនៃដំណើរការជា ក្រុមហ៊ុនដែលគិតគូរដល់ប្រយោជន៍សង្គមនិងបរិស្ថាន និងមានចំណងសាមគ្គីភាព ក្រុមហ៊ុន Kulara Water បានចូលរួមជាមួយសង្គមស៊ីវិល និងប្តេជ្ញាតាំងពីដើមដំបូងនៅលើសមរភូមិជាច្រើន ក្រោមទម្រង់ជាការផ្តល់ជំនួយ (កម្មវិធីសប្តាហ៍បារាំង របាំព្រះរាជទ្រព្យ កម្មវិធី Edota-GIZ និងកម្មវិធី Ultra Trail d'Angkor...) ការផ្តល់អំណោយ (កាកបាទក្រហមកម្ពុជា Water For All...) ឬការចាប់ភាពជាដៃគូជាមួយអង្គការស្នាមញញឹមកុមារ ក្រុមហ៊ុន Passerelles Numériques មូលនិធិបុរាណវិទ្យានិងការអភិវឌ្ឍ Safe House Children វិទ្យាប៉ាស្ទ័រ...។ តាំងពីអង្គការក្រៅរដ្ឋាភិបាលឈ្មោះ Safe House Center គាំទ្រដោយក្រុមហ៊ុន Kulara Water ក្នុងចន្លោះឆ្នាំ២០១៣ និងចុងឆ្នាំ២០១៧ ត្រូវបានបិទទ្វារមក ក្រុមហ៊ុន Kulara Water ក៏បានប្តេជ្ញាផងដែរជួយរៀងរាល់ឆ្នាំដល់ការសិក្សា និងទំនុកបម្រុងមួយផ្នែកដល់បុគ្គលិកដែលត្រូវចំណាយលើការរៀនសូត្ររបស់កូនៗចំនួន៩៧នាក់។
កាលពីដប់ឆ្នាំមុន ជម្រើសយកទីតាំងភ្នំគូលែនត្រូវបានធ្វើឡើង ដោយសារតែភាពបរិសុទ្ធនៃប្រភពទឹក លក្ខណៈដ៏ពិសិដ្ឋនៃរមណីយដ្ឋាន បរិស្ថានដែលត្រូវបានអភិរក្សយ៉ាងល្អពិសេស និងដង់ស៊ីតេប្រជាជនមានកម្រិតទាប។ ផ្តួចផ្តើមឡើងនៅឆ្នាំ២០១៨ គម្រោងដាំដើមឈើឡើងវិញរបស់ក្រុមហ៊ុន Kulara Water បំពេញបន្ថែមលើការប្តេជ្ញាការពារបរិស្ថានជិតប្រភពទឹកនៅជើងភ្នំគូលែន រហូតដល់តំបន់ជុំវិញអណ្តូង។
នៅឆ្នាំ២០១៨ ដើមឈើ៣៨០០ដើមត្រូវបានដាំរួចហើយនៅក្នុងទីតាំងរោងចក្ររបស់ក្រុមហ៊ុន Kulara Water។ កូនឈើថ្មីៗចំនួន៣៤០០ដើមនឹងត្រូវដាំបន្ថែមទៀត ពីពេលនេះរហូតដល់ខែសីហា ឆ្នាំ២០១៩។ ភាគច្រើននៃកូនឈើដែលត្រូវបានជ្រើសរើសយកមកដាំ សុទ្ធតែជាប្រភេទឈើពិសេស ដែលកំពុងទទួលរងការគំរាមកំហែងអាចផុតពូជ។ ឧទាហរណ៍ ដើមឈើប្រណិតៗដូចជា ក្រញូង នាងនួន និងបេងជាដើម ហើយដែលសុទ្ធតែស្ថិតនៅក្នុងចំណោមប្រភេទឈើទាំង១០ដំបូងក្នុងបញ្ជីខ្មៅពិភពលោករបស់អង្គការ IUCN ពោលគឺបញ្ជីដែលបានកត់ត្រាទុកនូវប្រភេទឈើកំពុងប្រឈមមុខនឹងការបាត់បង់ផុតពូជ។ ក្រុមហ៊ុន Kulara Water បានកំណត់គោលដៅរបស់ខ្លួនថា នឹងប្រមែប្រមូល ព្រមទាំងដាំឡើងវិញនូវប្រភេទឈើក្នុងស្រុកដែលកំពុងទទួលរងការបាត់បង់ចំនួន៣៣ប្រភេទនៅក្នុងព្រៃភ្នំគូលែន។
ថ្នាលបណ្តុះកូនឈើចំនួន៣កន្លែងដែលទទួលបានការជួយទំនុកបម្រុងពីសំណាក់ក្រុមហ៊ុន Kulara Water ក៏បានចាប់បដិសន្ធិឡើងនៅសាលាបឋមសិក្សាក្នុងភូមិតាពេញ ភូមិសង្កែលាក់ និងភូមិអណ្តូងធំ ដើម្បីផ្តល់ជាពូជឈើយកទៅដាំនៅតាមទីតាំងដែលត្រូវដាំដើមឈើឡើងវិញ ព្រមទាំងផ្សព្វផ្សាយបំផុសបំផុលឲ្យយុវជននៅក្នុងតំបន់យល់ដឹងពីការការពារបរិស្ថាន និងជីវៈចម្រុះ។ សិស្សសាលាក្មេងៗដែលស្ថិតនៅក្រោមការគ្រប់គ្រង និងដឹកនាំដោយលោកគ្រូអ្នកគ្រូរបស់ពួកគេ និងដោយមូលនិធិបុរាណវិទ្យានិងការអភិវឌ្ឍ ក៏ត្រូវបានកៀងគរឲ្យធ្វើបញ្ជីសារពើភណ្ឌលម្អិតអំពីប្រភេទកូនឈើដែលត្រូវដាំ យកគ្រាប់ទៅបណ្តុះក្នុងដី ចាក់ទឹក និងថែទាំថ្នាល។ ចំណែកឯកក្រុមការងាររបស់ក្រុមហ៊ុន Kulara Water ធានានូវការងារត្រៀមរៀបចំផ្ទៃដីដែលត្រូវដាំដើមឈើឡើងវិញ ការដាំកូនឈើនៅលើផ្ទៃដី៤០ហិកតាជុំវិញអណ្តូងបូមទឹក ព្រមទាំងការគ្រប់គ្រង និងតាមដានប្រភេទឈើកម្រដែលត្រូវបានដាំ។ ការប្តេជ្ញារបស់ក្រុមហ៊ុន Kulara Water ក៏គ្រោងផងដែរនឹងធ្វើការដកស្មៅចង្រៃចេញដោយដៃពីផ្ទៃដីដែលត្រូវបានដាំដើមឈើឡើងវិញ ដោយមិនប្រើសារធាតុគីមី ហើយជំនួសកូនឈើដែលដាំមិនដុះដោយសារតែជម្ងឺ ឬដោយសារអាកាសធាតុ។
ឃ្មុំព្រៃនៅក្នុងព្រៃលើខ្នងភ្នំគូលែនក៏ជាកម្មវត្ថុនៃចំណាប់អារម្មណ៍ដ៏ខ្លាំងមួយដែរ។ ខណៈដែលគម្របព្រៃឈើនៅលើភ្នំគូលែនត្រូវបានកាត់បន្ថយឥតឈប់ឈរនោះ ចំនួនឃ្មុំពិតជាបង្ហាញយ៉ាងច្បាស់នូវសញ្ញាធ្លាក់ចុះយ៉ាងពិតប្រាកដ។ ដោយប្តេជ្ញាដាំដើមឈើឡើងវិញនៅលើផ្ទៃដីមួយផ្នែកនៃតំបន់ភ្នំគូលែន និងដាំឡើងវិញនូវរុក្ខជាតិជាច្រើនផ្សេងទៀត ដែលធានាឲ្យមានផ្កាជាប់ជាប្រចាំពេញមួយឆ្នាំ ក្រុមហ៊ុន Kulara Water សង្ឃឹមថា ឃ្មុំមួយប្រភេទនឹងត្រឡប់មករស់នៅក្នុងព្រៃនេះវិញ ពោលគឺជាប្រភេទឃ្មុំដែលកាន់តែកម្រទៅៗនៅក្នុងតំបន់។ ជាការពិត ឃ្មុំទាំងនេះពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ការនាំយកលម្អងផ្កា និងការករកើតឡើងវិញនូវដើមឈើ ព្រមទាំងសម្រាប់ចង្វាក់អាហារទាំងមូល។ ដោយមានជំនួយពីអង្គការក្រៅរដ្ឋាភិបាលឈ្មោះ Agrisud International ការងារផ្សព្វផ្សាយ និងបំផុសបំផុល ព្រមទាំងការបណ្តុះបណ្តាលអ្នកភូមិនៅលើភ្នំគូលែនក៏ត្រូវបានធ្វើផងដែរដោយមូលនិធិ ADF ដើម្បីធានានូវការធ្វើអាជីវកម្ម និងការប្រមែប្រមូលទឹកឃ្មុំប្រកបដោយនិរន្តរភាព។
ការប្តេជ្ញារបស់ក្រុមហ៊ុន Kulara Water ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាព ពិតជាឆ្លើយតបទៅនឹងគោលដៅជាច្រើនដែលកំណត់ដោយអង្គការសហប្រជាជាតិ។ កម្មវិធីដាំដើមឈើឡើងវិញ ក្នុងភាពជាដៃគូជាមួយមូលនិធិ ADF ចូលរួម ជាអាទិ៍ដល់ការបំផុសបំផុលយុវជនជំនាន់ថ្មីឱ្យយល់ដឹងអំពីបម្រែបម្រួលអាកាសធាតុ ដើម្បីនាំពួកគេឱ្យឆាប់ដើរទៅតាមផ្លូវនៃនិរន្តរភាព (គោលដៅលេខ១៣ ស្ដីអំពី ការការពារភពផែនដី) លើកទឹកចិត្តឱ្យពួកគេដាំដើមឈើនិងចូលរួមការពារបរិស្ថាន (គោលដៅលេខ១៥ ស្ដីអំពី ជីវិតនៅលើផែនដី) ធានាឲ្យមានការរស់នៅមួយដ៏សុខសាន្ត និងមានសុខុមាលភាពសម្រាប់គ្រប់គ្នា (គោលដៅលេខ៣ ស្ដីពី សុខភាព និងសុខុមាលភាព)។
ចំណែកឯគោលនយោបាយរបស់ក្រុមហ៊ុន Kulara Water ពាក់ព័ន្ធនឹងការផ្ដល់ប្រាក់ខែ ការផ្លាស់ប្ដូរការងារផ្ទៃក្នុង ការផ្ដល់លទ្ធភាពឱ្យបុគ្គលិករៀនចំណេះជំនាញថ្មីបន្ថែម និងការអភិវឌ្ឍសមត្ថភាព គឺឆ្លើយតបទៅនឹងគោលដៅលេខ៨ ស្ដីអំពីការងារសមរម្យ និងកំណើនសេដ្ឋកិច្ច ដែលសំដៅទៅលើកស្ទួយឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព មានការចែករំលែកផលនៃកំណើន ឱ្យមនុស្សមានការងារធ្វើច្រើនខាងផលិតកម្ម និងមានការងារសមរម្យសម្រាប់មនុស្សគ្រប់គ្នា។ ចំណុចចុងក្រោយ គឺការជួយទំនុកបម្រុងរបស់ក្រុមហ៊ុន Kurala Water ដល់បុគ្គលិករបស់ខ្លួនដែលត្រូវចំណាយលើការសិក្សារបស់កូនៗ គឺឆ្លើយតបទៅនឹងគោលដៅលេខ៤ ដែលស្ដីអំពីការអប់រំ និងបរិយាប័ន្នភាពសង្គម។ គោលដៅនេះទទួលស្គាល់លក្ខណៈសំខាន់នៃការអប់រំ និងការបណ្ដុះបណ្ដាលបន្ថែមដើម្បីធ្វើឱ្យមនុស្សមានការងារធ្វើគ្រប់គ្នា និងកាត់បន្ថយភាពក្រីក្រ។
នៅខែមិថុនា ឆ្នាំ២០១៩ ក្រុមហ៊ុន Kulara Water ទទួលបានជ័យលាភីលេខ១នៃពានរង្វាន់ក្រុមហ៊ុនមានការទទួលខុសត្រូវសង្គម ក្នុងចំណាត់ថ្នាក់ក្រុមហ៊ុនធំៗ។ ពានរង្វាន់នេះគឺជាការទទួលស្គាល់ និងផ្ដល់កិត្តិយសដល់ការប្ដេជ្ញាយ៉ាងមុតមាំរបស់ក្រុមហ៊ុន Kulara Water ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព ចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្ដើមចេញលក់ទឹករ៉ែធម្មជាតិរបស់ខ្លួន គឺ អូគូលែន នៅឆ្នាំ២០១៣មក។ តាមរយៈពានរង្វាន់នេះ គណៈមេប្រយោគ ដែលមានឯកឧត្ដម សុខចិន្ដា សោភា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្ដម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជាសហប្រធាន បានគូសបញ្ជាក់ពីយុទ្ធសាស្ត្រល្អឯករបស់ក្រុមហ៊ុន Kulara Water ក៏ដូចជាភាពត្រឹមត្រូវនៃវិធីសាស្ត្រជារួមរបស់ក្រុមហ៊ុនផងដែរ។
មួយឆ្នាំកក្រោយមក គឺនៅខែកញ្ញា ឆ្នាំ២០២០ ក្រុហ៊ុន Kulara Water បានទទួលជ័យលាភីជាក្រុមហ៊ុនមានការទទួលខុសត្រូវនៅអាស៊ី។ មានក្រុមហ៊ុនខ្មែរតែពីរប៉ុណ្ណោះដែលទទួលបានជ័យលាភីនៅក្នុងការប្រកួតយកពានរង្វាន់ AREA លើកទី១០នេះ គឺក្រុមហ៊ុន Smart Axiata នៅក្នុងចំណាត់ថ្នាក់ ការពង្រឹងសង្គម និងក្រុមហ៊ុន Kulara Water នៅក្នុងចំណាត់ថ្នាក់ ក្រុមហ៊ុនវិនិយោគលើមនុស្ស។ កម្មវិធី AREA ទទួលស្គាល់ និងផ្ដល់កិត្តិយសជូនធុរកិច្ចអាស៊ី ដែលមានស្នាដៃលើសហគ្រិនភាពប្រកបដោយចីរភាពនិងការទទួលខុសត្រូវ ក្នុងចំណាត់ថ្នាក់ ភាពជាអ្នកដឹកនាំបៃតង ការវិនិយោគលើមនុស្ស ការលើកស្ទួយសុខភាព ការពង្រឹងសង្គម តម្លាភាពនៃក្រុមហ៊ុន ភាពជាអ្នកដឹកនាំនៃសេដ្ឋកិច្ចកែច្នៃឡើងវិញបាន និងភាពជាអ្នកដឹកនាំនៃធុរកិច្ចមានទំនួលខុសត្រូវ។